កាលបរិច្ឆេទ: ០៧ មីនា ២០២៣
កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ កុម្ភៈកន្លងទៅនេះ នៅខេត្តសៀមរាប មានពិព័រណ៍ផលិតផល បន្លែ ផ្លែឈើរបស់ខ្មែរ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរខេត្ត។
ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍គូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់ក្រសួងថា យុទ្ធនាផ្សព្វផ្សាយឲ្យមានការគាំទ្រផលិតផលខ្មែរគឺជាចំណុចចម្បងនៃនយោបាយអភិវឌ្ឍពាណិជ្ជកម្មរបស់លោក។
ឯកឧត្តមមានប្រសាសន៍ពន្យល់យ៉ាងដូច្នេះ៖ «យុទ្ធនាការនេះគឺជាការផ្តល់សញ្ញាប្រកាសអាសន្នមួយដើម្បីដាស់ស្មារតីប្រជាពលរដ្ឋខ្មែរ និងដើម្បីជំរុញលើកទឹកចិត្តឲ្យពួកគាត់ងាកមកគាំទ្រផលិតផលក្នុងស្រុកជាជាងផលិតផលនាំចូល»។ ឯកឧត្តមសង្កត់ធ្ងន់ទៅលើការរីកចម្រើនជាប្រចាំផ្នែកគុណភាពនៃ «ផលិតផលខ្មែរ» ដោយសារអ្នកផលិតជនជាតិខ្មែរកាន់តែមានចំណេះដឹង និងបទពិសោធច្រើនជាងមុន ដែលអាចឲ្យពួកគេសម្របទៅតាមតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់។
ឯកឧត្តមកត់សម្គាល់ផងដែរថា ខណៈពេលដែលប្រទេសកម្ពុជាកំពុងបើកចំហរទទួលទីផ្សារអន្តរជាតិតាមរយៈការធ្វើពាណិជ្ជកម្មបែបសេរីសម្រាប់ការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសអារ៉ាប់រួម វាមានសារសំខាន់ណាស់ដែលអ្នកប្រើប្រាស់ជនជាតិខ្មែរបង្ហាញពីទំនុកចិត្តរបស់ខ្លួនទៅលើផលិតផលជាតិ៕